លោក ឆឺត ឈូន ជាកសិករមានដើមកំណើតជាជនជាតិដើមព័រមានកូនចំនួន ៥នាក់ ដែលកំពុងស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្ដបាត់ដំបង។ នៅក្នុងភូមិ រៃមានប្រជាជនប្រមាណជា ២០០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមព័រដែលពឹងអាស្រ័យការប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។
លោកជាអតីតអ្នកតស៊ូម្នាក់នៅក្នុងសម័យសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នេះបើតាមការផ្ដល់បទសម្ភាសន៍ជាមួយសំឡេងជនជាតិដើមភាគតិចកម្ពុជា។ បើតាមការលើកឡើងរបស់លោកមូលហេតុដែលមានពិការភាព (នៅត្រង់ជើងខាងឆ្វេង) ដោយសារតែត្រូវគ្រាប់កាំភ្លើង កាលលោកនៅជាទាហាននៅទសវត្សន៍ឆ្នាំ១៩៩០។
បរុសពិការវ័យ ៥៧ឆ្នាំ បច្ចុប្បន្នលោកជាប្រធានគណៈកម្មការសហគមន៍ការពារធនធានធម្មជាតិជនជាតិដើមព័រ ដើម្បីការពារសិទ្ធិជនជាតិដើមភាគតិច និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។ ហើយលោក ឆឺត ឈន ជាមេកន្រ្ទាញ (ចាស់ទុំព្រឹទ្ធាចារ្យ) នៃជនជាតិដើមព័រ ដែលបន្ដពីឱពុករបស់លោកជាអតីតមេកន្រ្ទាញនៅក្នុងសហគមន៍ជនជាតិដើមព័រផងដែរ។
ក្នុងថ្ងៃទិវា ៩ សីហា ដែលរៀបចំនៅខេត្ដកំពង់មានអញ្ជើញចូលរួមចំនួន ៨០០នាក់ មកពីតំណាងស្ថាប័ននិងមកសហគមន៍ជនជាតិដើមភាគតិចផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមានវត្ដពីបុរសពិការ ឆឺត ឈន ដែលកំពុងឈើច្រត់ បង្ហាញពោរពេញដោយស្នាមញញឹមក៏រួមដំណើរហែក្បួនយ៉ាងអ៊ូរអរជាមួយក្រុមជនជាតិដើមផ្សេងទៀតនៅតាមដងផ្លូវនៃក្រុងច្បារមន។
លោកពូឈន គឺអ្នកមានបេះដូង និងឆន្ទៈយ៉ាងមោះមុត ដើម្បីចូលរួមអបអរសាទរទិវាជនជាតិដើមគភាគតិច នៅខេត្ដកំពង់ស្ពឺ ទោះបីលោកត្រូវចំណាយពេលធ្វើដំណើរឆ្ងាយក៏ដោយ។ ថ្វីត្បិតតែពិបាកដើរ និងមមាញឹកនឹងរឿងចិញ្ចឹមជីវិតគ្រួសារយ៉ាងណាក៏លោកនៅមិនបោះបង់ការចូលរួមប្រារព្ធទិវានៅរៀងរាល់ឆ្នាំ ពិសេសនៅខេត្ដកំពង់ស្ពឺនេះឡើយ។ កត្ដាដែលជម្រុញឲ្យលោកតែងចូលរួមទិវានេះ ដោយសារតែលោកឃើញពីសារៈសំខាន់នៃថ្ងៃទិវា ដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចមានឱកាសជួបជុំគ្នា បង្ហាញនូវអត្ដសញ្ញាណចម្រុះជាតិសាសន៍ និងដើម្បីអបរសាទរទិវាជនជាតិដើមភាគតិចផងដែរ។
លោកបានប្រាប់កម្មវិធីសំឡេងជនជាតិដើមភាគតិចយើងអំពីមូលហេតុដែលលោកមិនខានចូលរួមទិវានេះយ៉ាងដូច្នេះ «ទោះពិបាក ក៏មិនអីដែរ ព្រោះទិវានេះជាឱកាសល្អសម្រាប់បងប្អូនយើង ជួបជុំគ្នា បង្ហាញសិល្បៈ របាំតាមបែបប្រពៃជនជាតិដើមផ្សេងៗគ្នា ហើយ ពូសប្បាយចិត្ដដែលខាងថ្នាក់ដឹកនាំក្រសួងយកចិត្ដទុកដាក់រៀបចំកម្មវិធីនេះ»។
លោកពូ ឈន មិនត្រឹមតែជាព្រឹទ្ធិចារ្យជួយសម្របសម្រួលការងារការពារធនធានធម្មជាតិរបស់សហគមន៍ព័រនោះទេ លោកក៏ជាចាស់ទុំដែលកំពុងបំពេញតួនាទីសំខាន់ក្នុងការផ្ទេរចំណេះដឹងប្រពៃណី និងចំណេះដឹងផ្នែកវិទ្យាសាស្រ្ដដល់យុវជនជាអ្នកស្នងតំណែងនៅថ្ងៃអនាគត។ លោកបាននិយាយថា «ពូលូវក៏កំពុងផ្ទេរចំណេះដឹងប៉ាដើរៗ [បណ្ដើរៗ] ទាំងផ្នែកសិល្បៈដល់ក្មេងៗ ដូចជាសិស្សអនុវិទ្យាល័យ វិទ្យាល័យ គេដើរតួនាទីសំខាន់ដើម្បីអភិរក្សប្រពៃណី ទំនៀមទំលាប់ អត្ដសញ្ញាណ»។
ដោយឡែក លោកពូឈន កំពុងព្យាយាម យកចិត្ដទុកដាក់យ៉ាងខ្លាំងដើម្បីបន្ដចងក្រង និងសរសេរសៀវភៅអំពីប្រវត្ដិសាស្រ្ដអំពីជនជាតិដើមភាគតិច ដើម្បីរក្សាដល់កូនចៅជំនាន់ក្រោយស្គាល់ពីប្រវត្ដិសាស្រ្ដរបស់ខ្លួន និងរក្សាទំនៀមទម្លាប់របស់ខ្លួនកាន់តែល្អប្រសើរ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធខួបទី២៩ នៃទិវាអន្ដរជាតិដើមភាគតិចពិភពលោក ដែលរៀបចំនៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ដោយមានវត្ដមានរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីនៃក្រសួងអភិវឌ្ឍនៃជនបទ ឯកឧត្ដមអភិបាលខេត្ដ ក្រុមការងារខេត្ដ/ស្រុក អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍និងមានការចូលរួមបងប្អូនជនជាតិដើមភាគតិចចម្រុះសាសន៍មពីខេត្ដខុសៗគ្នា។