សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចស្តីពីការព្រួយបារម្ភចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិ

សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហគមន៍ជនជាតិដើមភាគតិច

នៃព្រះរាជាណាចក្រកម្ពុជា

ស្តីពី

ការព្រួយបារម្ភចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិ

នៅសណ្ឋាគារ អង្គរសេនជូរី រីសត ក្រុងសៀមរាប

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

**************

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរសេនជូរី រីសត  នៅក្នុងខេត្តសៀមរាប​ យើងខ្ញុំតំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន១៨៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៤ នាក់ដែលមានវត្ត មាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភលើការប្រឈម ចំពោះខ្លឹមសារមាត្រាដែលប៉ះពាល់ដល់សិទ្ធិសង្គម វប្បធម៌ និង សេដ្ឋកិច្ច ជនជាតិដើមភាគតិចដែលស្ថិតក្នុង និងក្បែរតំបន់ការពារធម្មជាតិ និងតំបន់ក្នុងព្រៃឈើ​​​​ដូចមានបញ្ញត្តិ ក្នុងក្រម​​បរិស្ថាន និងធនធានធម្មជាតិ។

កិច្ចពិគ្រោះយោបល់នេះមានសមាសភាពចូលរួមពីតំណាងសហគមន៍សមូហភាព សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ មកពីខេត្តចំនួន ​១២ គឺខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កោះកុង បន្ទាយមានជ័យ ព្រះសីហនុ និងបាត់ដំបង។

ដោយអះអាងថា  ជនជាតិដើមភាគតិចមានសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋដទៃទៀត ខណៈដែលមានការទទួលស្គាល់ថា មនុស្សទាំងអស់មានសិទ្ធិនៃភាពផ្សេងពីគ្នា ជនជាតិដើមភាគតិចចាត់ទុកខ្លួនឯងថាមានភាពផ្សេងពីគេហើយត្រូវតែគោរពដល់សិទ្ធិនៃភាពផ្សេងពីគ្នានេះ។

ដោយអះអាងថា មនុស្សគ្រប់រូបរួមចំណែកបង្កើតនូវភាពចម្រុះ និងភាពសម្បូរណ៍បែបនៃអារ្យធម៌និងវប្បធម៌ដែលបង្កើតបានជាមរតករួមរបស់មនុស្សជាតិ។

ដោយអះអាងបន្ថែមទៀតថា សិទ្ធិលើធនធានធម្មជាតិនិងការអនុវត្តសិទ្ធិនេះ ផ្អែកលើ ឬលើកកម្ពស់ឧត្តមភាពមនុស្ស ឬបុគ្គល ដោយឈរលើមូលដ្ឋានដើមកំណើត ជាតិសាសន៍ សាសនា ឬភាពខុសគ្នាខាងជាតិពន្ធុ និងវប្បធម៌គឺជាការប្រកាន់ពូជសាសន៍មិនត្រឹមត្រូវតាមលក្ខណៈវិទ្យសាស្ត្រគ្មានតម្លៃគតិយុត្តមិនអាចទទួលយកបានខាងផ្នែកសីលធម៌និងជាអំពើអយុត្តិធម៌សង្គម។

ដោយអះអាងសារជាថ្មីថា  ជនជាតិដើមភាគតិច ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន គប្បីគ្មានការរើសអើងទោះជាក្នុងរូបភាពណាក៏ដោយ។

ដោយបារម្ភថា  ជនជាតិដើមភាគតិច ទទួលរងនូវអំពើអយុត្តិធម៌ជាប្រវត្តិសាស្ត្រដែលបណ្តាល មកពីការធ្វើ ឬបង្កើតក្រមបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តដែលនឹង ដកហូតនូវសិទ្ធិដីធ្លី តំបន់ប្រពៃណី វប្បធម៌ ជំនឿសាសនា តំបន់អាស្រ័យផល អនុផល​ និងធនធានរបស់ខ្លួនស្ថិតនៅជុំវិញសហគមន៍ខ្លួនដែលរារាំងឬកាត់បន្ថយសិទ្ធិប្រើប្រាស់ ជាពិសេសសិទ្ធិក្នុងការអភិវឌ្ឍ និង អភិរក្សមរតកវប្បធម៌ អារ្យធម៌ និងផលប្រយោជន៍របស់ខ្លួនក្នុងវិស័យធនធានធម្មជាតិទៅតាមសេចក្តីត្រូវការរបស់ខ្លួន។

ដោយក្តីបារម្ភទៀតថា  ជនជាតិដើមភាគតិចទទួលបានអំពើអសមធម៌សង្គម ខណៈក្រមនេះបញ្ញត្តិស្តង់ដាតែមួយ ឬឈរលើមូលដ្ឋានត្រឹមតែសមភាពសង្គមជាមួយប្រជាពលរដ្ឋទូទៅ ឬចាត់ទុកសហគមន៍ជនជាតិដើមភាគតិចស្មើភាពគ្នាជាមួយសហគមន៍ទូទៅ ដោយចាត់ទុកសហគមន៍ជនជាតិដើមភាគតិចស្ថិតក្នុងនិយមន័យសហគមន៍មូលដ្ឋាន។ ក្នុងស្មារតីនេះ ក្រមនេះពុំគួរសំអាងឡើយថា ការចាត់បញ្ជូលសហគមន៍ជនជាតិដើមភាគតិចក្នុងនិយមន័យនៃពាក្យសហគមន៍មូលដ្ឋានដោយតម្កល់ហេតុផលធ្វើឱ្យមានបរិយាប័ន្ន ឬមិនទុកឱ្យសហគមន៍ជនជាតិដើមភាគតិចនៅឯកោ ឬជាការលើកកម្ពស់សហគមន៍ជនជាតិដើមភាគតិចឱ្យស្មើមុខស្មើមាត់ប្រកបដោយសមភាពសង្គម ផ្ទុយមកវិញ ការធ្វើបរិយាប័ន្ននៅទីនេះនាំឱ្យបង្កប់នូវការរើសអើងទៅវិញទេ ហើយក៏ពុំបានជួយជាប្រយោជន៍អ្វីដល់សហគមន៍ជនជាតិដើមភាគតិចដែរ មិនតែប៉ុណ្ណោះ វាអាចក្លាយជាហេតុចំបងមួយបង្កឱ្យសហគមន៍ជនជាតិដើមភាគតិចកាន់តែរងគ្រោះ បាត់បង់នូវសិទ្ធិលើធនធានធម្មជាតិ បាត់បង់នូវភាពផ្សេងពីគេនៃសេដ្ឋកិច្ច សង្គម វប្បធម៌ អារ្យធម៌ អត្តសញ្ញាណ និងបាត់បង់នូវផលប្រយោជន៍ដទៃទៀតយ៉ាងធ្ងន់ធ្ងរ។

ដោយបារម្ភថា  ជនជាតិដើមភាគតិចនឹងបាត់បង់នូវភាពផ្សេងពីគេដោហេតុថា ក្រមនេះពុំបានចែង ឬដាក់បញ្ចូលពាក្យ “ជនជាតិដើមភាគតិច ឬសហគមន៍ជនជាតិដើមភាគតិច ” ខណៈដែលច្បាប់ជាតិមួយចំនួនមានរួចមកហើយដូចជា ច្បាប់ភូមិបាលឆ្នាំ២០០១ ពីមាត្រា២៣ដល់មាត្រា២៨ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ មាត្រា៣០៦ ច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ អនុក្រឹត្យលេខ៨៣ស្តីពីនីតិវិធីនៃការចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ព្រមទាំងច្បាប់និងលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាបានគាំទ្រ និងផ្តល់សច្ចាប័នមានដូចជា អនុសញ្ញាលេខ ១១១ ស្តីពីការរើសអើងការងារ និងមុខរបរ អនុសញ្ញាលេខ១៦៩ស្តីពីជនជាតិដើមភាគតិច និងជនកុលសម្ព័ន្ធនៅក្នុងរដ្ឋឯករាជ្យ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នានៃបញ្ញត្តិវប្បធម៌ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ និងជាពិសេស សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ជាដើម។ ផ្ទុយទៅវិញក្រមនេះបែរជាកំណត់ពាក្យ ” សហគមន៍មូលដ្ឋាន ” ដោយកំណត់និយមន័យបញ្ចូលគ្នាជាមួយនឹងសហគមន៍ទូទៅដែលពុំមែនជាសហគមន៍ជនជាតិដើមភាគតិច ដែលប្រការនេះជនជាតិដើមភាគតិចយើងខ្ញុំយល់ឃើញថា គឺជាការព្យាយាមលុបបំបាត់ឈ្មោះជនជាតិដើម ឬជាតិពន្ធុ តាមរូបភាពដាក់ភាពផ្សេងគ្នាចូលលាយឡំជាមួយសហគមន៍ទូទៅដែលមានភាពផ្សេងៗពីជនជាតិដើមភាគតិច ខណៈជនជាតិដើមភាគតិចមានភាពផ្សេងពីគេ។ ក្នុងខណៈនេះផងដែរ ជនជាតិដើមភាគតិចមានតម្លៃរួមគ្នាមួយជាមួយជនជាតិដើមខ្មែរភាគច្រើន គឺតម្លៃភាពជាម្ចាស់នៃមាតុភូមិកម្ពុជាក្នុងប្រវត្តិសាស្ត្រជាតិនៃកម្ពុជាទាំងមូល

ដោយអះអាងជាថ្មីទៀតថា ជនជាតិដើមភាគតិចយើងខ្ញុំពុំជំទាស់លើការបញ្ញត្តិពាក្យ “សហគមន៍មូលដ្ឋាន” ដែលដាក់ចូលទៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិឡើយ ក៏ប៉ុន្តែពាក្យ “សហគមន៍មូលដ្ឋាន ” នេះក៏ពុំអាច​ជំនួសឱ្យពាក្យ​  “សហគមន៍ជនជាតិដើមភាគតិច” ដែរ ឬពាក្យ  “សហគមន៍ជនជាតិដើមភាគតិច” ពុំអាចដាក់ឱ្យស្ថិតក្នុងនិយមន័យនៃពាក្យ  “សហគមន៍មូលដ្ឋាន” បានដែរ ដោយហេតុថា ជនជាតិដើម​ភាគតិចមានភាពផ្សេងពីគេខាងដើមកំណើត ជាតិពន្ធុ ភាសា អត្តសញ្ញាណ ប្រវត្តិសាស្រ្ត សង្គម អារ្យធម៌ វប្បធម៌ ប្រពៃណី ភាពអចិន្ត្រៃយ៍ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងដែលមានគុណតម្លៃ គុណធម៌​​ ភាពសុខដុមរមនាក្នុងការប្រតិបត្តិមុខរបរប្រពៃណីចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចរបស់ខ្លួនដោយផ្ទាល់ជាមួយដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងធន​ធាននានារបស់ខ្លួន។

ដោយបារម្ភថា  មាត្រា៣៦៤ ចែងអំពីការកំណត់តំបន់គ្រប់គ្រងទាំងបួន គឺពុំបានបញ្ញត្តិ​អំពីគោលការណ៍ ” ជូនដំណឹង ពិគ្រោះ​យោបល់​ពេញលេញ និងការព្រមព្រៀងជាមុននិងដោយសេរី  ” ជាសមូហភាពសហគមន៍ជនជាតិដើមភាគតិចឡើយ ដែលអាចបង្កឱ្យមានផលប៉ះពាល់លើសិទ្ធិ សង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច កាលបើការកំណត់តំបន់គ្រប់គ្រងជាអាទិ៍ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ អាចនាំឱ្យមានបញ្ហាប្រឈម និងការគំរាមកំហែងដូច   តទៅ៖

  • ការរឹតត្បិត ការដកហូតសិទ្ធិភាពជាម្ចាស់ និងរារាំងសិទ្ធិសេរីភាពក្នុងការចេញចូល ការប្រតិបត្តិ ចម្ការវិលជុំតាមបែបប្រពៃណី លំនៅឋាន ដីស្រែចម្ការ  ទីកន្លែងសក្ការៈបូជា បាត់បង់ព្រៃកប់សព ទីតាំងព្រៃជំនឿសាសនា ទីតំបន់ប្រវត្តិសាស្រ្តធម្មជាតិ បុរាណដ្ឋាន និងទីកន្លែងបេតិកភណ្ឌវប្បធម៌របស់ជនជាតិដើម និងបាត់បង់ទីតំបន់សម្រាប់ប្រតិបត្តិ ដកហូត អាស្រ័យផលអនុផលព្រៃឈើតាមប្រពៃណី។ កាលបើជនជាតិដើមភាគតិចនៅតែបន្តអនុវត្តសិទ្ធិជាម្ចាស់តាមប្រពៃណីលើទីតំបន់របស់ខ្លួនដែលមានកន្លងមក ខណៈដែលមាត្រានេះបញ្ញត្តិហាមឃាត់ នោះវានឹងបង្កឱ្យជនជាតិដើមភាគតិចប្រឈមនឹងការផាកពិន័យតាមច្បាប់បញ្ញត្តិ ពិន័យអន្តរការណ៍ ជាប់បណ្តឹងនៅតុលាការ ឬអាជ្ញាធរ ជាប់ពន្ធធនាគារ ជាប់ទោសទណ្ឌ សម្លុត គំរាមកំហែង និងបំផិតបំភ័យជាដើម។ ឥទិ្ធពលកើតចេញពីបញ្ហាប្រឈម និងការគំរាមកំហែងខាងលើនេះ សាមីខ្លួន និងក្រុមគ្រួសារសមាជិកសហគមន៍ជនជាតិដើមភាគតិចនឹងមានវិបត្តិផ្លូវចិត្ត សតិអារម្មណ៍ ប៉ះពាល់កិត្តិយស បាត់បង់សុភមង្គល ប៉ះពាល់លើជីវភាពរស់នៅ មានបំណុល ចំណាកស្រុក បាត់បង់ពេលវេលា កុមារបោះបង់ការសិក្សា។ល។

ដោយបារម្ភទៀតថា  ជនជាតិដើមភាគតិចអាចប្រឈមនឹងការបាត់បង់ទីតាំង ទីតំបន់ និងធនធានដែលបានលើកឡើងខាងលើនេះ ដោយហេតុតែ តំបន់ប្រើប្រាស់ដោយចីរភាពបញ្ញត្តិថា “តំបន់នេះមានតម្លៃសេដ្ឋកិច្ចបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ។ បើដល់កាលគ្រាណាមួយខាងមុខ តំបន់ប្រើប្រាស់ដោយចីរភាព រាជរដ្ឋាភិបាលមានបំណង កែប្រែគោលបំណងពីការអភិរក្ស ទៅជាគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការផ្តល់សម្បទានដីសេដ្ឋកិច្ចឱ្យក្រុមហ៊ុន គ្រានោះហើយដែលក្រុមហ៊ុនឈូសឆាយសម្អាតព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងធនធានដទៃទៀតក្នុងតំបន់នេះអស់គ្មានសល់អ្វី។

ដោយក្តីបារម្ភថា  ដីដែលនៅក្នុងតំបន់សហគមន៍ដែលបញ្ញត្តិក្នុងមាត្រា ៣៦៤ កាលបើក្រសួង     បរិស្ថានពុំមានឆន្ទះចង់ឱ្យជនជាតិដើមភាគតិចទទួលបានវិញ្ញាបនប័ត្រសម្គាល់កម្មសិទ្ធិសមូហភាពទេនោះ ក្រសួងនឹងពុំធ្វើសេចក្តីសម្រេច ឬបញ្ជាក់យល់ព្រម ដើម្បីចេញប័ណ្ណក្នុងតំបន់នេះបានឡើយ បើទោះបីជាស្ថានភាពគ្រប់គ្រង កាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ជនជាតិដើមភាគតិចស្របតាម ឬអនុលោមតាមមាត្រា២៣ និងមាត្រា២៥នៃច្បាប់ភូមិបាលឆ្នាំ២០០១ និងស្របតាមលិខិតុបករណ៍អន្តរជាតិហើយក៏ដោយ។ បញ្ហានេះបង្កឡើងដោយខ្លឹមសារវាក្យខណ្ឌទី២ ក្នុងតំបន់សហគមន៍នៃមាត្រា ៣៦៤ នេះដែលបញ្ញត្តិថា “ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ…” ត្រូវមាន ” ការបញ្ជាក់យល់ព្រមជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ” ។

ដោយក្តីបារម្ភទៀតថា  មាត្រា៣៦៩ ជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់នូវសិទ្ធិប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនាដែលកំណត់សិទ្ធិប្រើប្រាស់បានតែក្នុងតំបន់ប្រើប្រាស់ដោយចីរភាព និងប្រភេទធនធានតិចតួចខ្លះទៀត អាចប្រព្រឹត្តទៅបាននៅក្នុងតំបន់អភិរក្ស ដោយអនុវត្តទៅតាមគោលការណ៍ណែនាំដែលកំណត់ដោយប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ហើយគោលការណ៍ណែនាំនេះ នឹងពុំអាចរំពឹងទុកថានឹងមានខ្លឹមសារផ្តល់សិទ្ធិ និងផ្តល់ផលប្រយោជន៍ដល់សហគមន៍ជនជាតិដើមភាគតិចតាមស្ថានភាពជាក់ស្តែងឡើយ ឬក៏អាចកាន់តែរឹតត្បិតសិទ្ធិខ្លាំងឡើងៗក៏ពុំដឹង។ រីឯសេរីភាពក្នុងការធ្វើដំណើរចេញចូលតំបន់អភិរក្ស ក៏ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ។

សំណើរួម

  1. ទទូចស្នើឱ្យដាក់បញ្ចូល ឬបញ្ញត្តិពាក្យ “ជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិច ” ក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយណាដែលបង្កើត ដើម្បីអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិឱ្យខានតែបាន។ រដ្ឋពុំត្រូវចាត់បញ្ចូលជនជាតិដើមភាគតិចក្នុងនិយមន័យទូទៅ ដោយកំណត់ ឬបញ្ញត្តិថា សហគមន៍មូលដ្ឋានឡើយ។
  2. ទទូចស្នើឱ្យដាក់បញ្ចូល ឬបញ្ញត្តិគោលការណ៍ “ជូនដំណឹង ពិគ្រោះ​យោបល់​ពេញលេញ និងការព្រមព្រៀងជាមុននិងដោយសេរី ” ជាសមូហភាពសហគមន៍ជនជាតិដើមភាគតិច នៅគ្រប់ដំណើរការបង្កើតឬកែប្រែក្រមនេះ ឬច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត និងគ្រប់ដំណើរការអនុវត្តនីតិវិធី។
  3. សូមស្នើនិរាករណ៍ឃ្លា ” ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ” ដែលបញ្ញត្តិក្នុងវាក្យខ័ណ្ឌទី២ ចំណុចតំបន់សហគមន៍ នៃមត្រា៣៦៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីពន្លឿន និងដោះស្រាយបញ្ហាជាប់គាំងក្នុងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចតាមការចង្អុលបង្ហាញលើស្ថានភាពជាក់ស្តែង។ ហើយទទូចស្នើសុំឱ្យក្រមនេះមិនមែនជាឧបសគ្គដល់ដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចតាមការស្នើសុំ និងស្ថានភាពជាក់ស្តែងរបស់សហគមន៍សាមីនីមួយៗ។
  4. ស្នើឱ្យរដ្ឋមានបញ្ញត្តិក្នុងច្បាប់ និងចេញលិខិតបញ្ជាក់លើទីតាំង ឬទីតំបន់ប្រពៃណី អត្តសញ្ញាណ មរតកវប្បធម៌ បុរាណដ្ឋាន ជំនឿសាសនា ទីតំបន់ចម្ការវិលជុំ និងទីតំបន់អាស្រ័យផលអនុផលរបស់ជនជាតិដើមភាគតិច។

ទាញយកឯកសារ៖ ភាសាខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version