ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចមិនឃុំខ្លួនពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូប

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូបនោះទេ បន្ទាប់ពីអ្នកទាំងពីរបានចូលបំភ្លឺ អមដោយមេធាវីពីសមាគមអាដហុក តាមដីកាបង្គាប់ឲ្យចូលខ្លួនជាលើកទី៣ ដែលចេញដោយចៅក្រមស៊ើបសួរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូប ១.ឈ្មោះ ប៉ុន សេន ភេទប្រុស អាយុ ៥២ឆ្នាំ និង២.ឈ្មោះ គិន ភីនីន ភេទប្រុសអាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលត្រូវបានមន្ត្រីបរិស្ថាន ប្តឹងចូលតុលាការសាលាដំបូងខេត្តក្រចេះ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកដីធ្វើជាកម្មសិទ្ធិ ស្ថិតនៅចំណុចត្រពាំងគ្រេល ស្ថិតនៅភូមិសាស្ត្រ ឃុំស្រែជិះស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ក្នុងខណៈពេលដែលពួកគាត់ទាំងពីររូបចូលបំភ្លឺនោះ យើងសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណជា៦០នាក់ បានលើកគ្នាមកគាំទ្រនៅខាងមុខសាលាដំបូងខេត្តក្រចេះ ដោយសារប្រជាពលរដ្ឋទាំងនោះ មានការព្រួយបារម្ភតុលាការឃុំខ្លួនអ្នកទាំងពីររូបនេះ តែទោះយ៉ាងណាក៏ដោយអ្នកទាំងពីររូបមិនត្រូវបានតុលាការឃុំខ្លួននោះទេ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានមន្ត្រីបរិស្ថានចំនួនពីរនាក់ បានចុះទៅទីតាំងដីរបស់ពួកគាត់ ដោយធ្វើការហាមឃាត់មិនឱ្យឈូសឆាយ និងអាស្រ័យផលលើផ្ទៃដីទំហំ២ហិកតាបន្តទៀតនោះទេ ហើយបង្គាប់ឲ្យជនរងគ្រោះដកបង្គោលរបងចេញពីដីនោះ បើនៅតែបន្តធ្វើទៀត នឹងប្តឹងទៅតុលាការ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា ទីតាំងដីនោះ ពួកគាត់បានប្រើប្រាស់ចាប់តាំងពី១៩៧៩ មកម៉្លេះ ប៉ុន្តែនៅពេលនោះ អ្នកទាំង២រូបមិនបានតបតអ្វីនោះទេ តែសុំប្រមូលផលសិន និងយល់ព្រមប្រគល់ដីឲ្យមន្ត្រីបរិស្ថានវិញ ប៉ុន្តែពេលនោះមន្ត្រីបរិស្ថានទាំងនោះមិនយល់ព្រម ហើយនៅតែដាក់ពាក្យបណ្តឹងលើពួកគាត់ទាំងពីររូបមកតុលាការខេត្តក្រចេះដដែល ។ ករណីនេះ សមាគមអាដហុកបានធ្វើការតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់ជូនមេធាវីការពារក្តីជូនពួកគាត់តាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version