Make IPs voices heard everywhere

អនុសាសន៍របស់ក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិចសម្រាប់ការពិនិត្យឡើងវិញនូវគោលនយោបាយយន្តការគណនេយ្យភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី

យើងខ្ញុំ ជាសមាជិកនៃជនជាតិដើមភាគតិចនៅអាស៊ី និងប៉ាស៊ីហ្វិក ជាអ្នកការពារសិទ្ធិជនជាតិដើមភាគតិច និងជាតំណាងអង្គការជនជាតិដើមភាគតិច ដែលបានចូលរួមនៅក្នុងការពិនិត្យឡើងវិញជាបន្តបន្ទាប់នូវគោលនយោបាយយន្តការគណនេយ្យភាព (AM) (ឆ្នាំ២០១២) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច (IPAG) សូមដាក់ជូននូវអនុសាសន៍បឋមដូចខាងក្រោមសម្រាប់ការពិនិត្យឡើងវិញនូវគោលនយោបាយនេះ។

ជាបឋម យើងខ្ញុំសូមកោតសរសើរចំពោះកិច្ចពិគ្រោះយោបល់ដោយយកចិត្តទុកដាក់ដែលបានធ្វើឡើងជាមួយតំណាងជនជាតិដើមភាគតិចសម្រាប់ការពិនិត្យឡើងវិញនូវគោលនយោបាយនេះតាមរយៈ ក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច (IPAG) រួមទាំងសម័យប្រជុំតាមប្រព័ន្ធអនឡាញរបស់យើងជាមួយលេខាធិការដ្ឋានពិនិត្យឡើងវិញនូវគោលនយោបាយយន្តការគណនេយ្យភាព (AM) ក៏ដូចជាកិច្ចពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមការងាររួមរបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងម៉ានីល។ អនុសាសន៍ខាងក្រោមនេះគឺផ្អែកលើការពិភាក្សាក្នុងអំឡុងពេលសម័យប្រជុំ និងកិច្ចពិគ្រោះយោបល់ទាំងនោះ៖

១. កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងអំពីវិធានការការពារ និងយន្តការគណនេយ្យភាពរបស់ ADB គួរតែចាប់ផ្តើមតាំងពីដំណាក់កាលដំបូងបំផុតនៃការបង្កើត និងការធ្វើផែនការគម្រោង ដោយធានាថា កិច្ចការទាំងនេះត្រូវបានធ្វើឡើងជាភាសាជនជាតិដើមភាគតិច តាមដែលអាចធ្វើទៅបាន និងប្រកបដោយការយល់ដឹងពីវប្បធម៌ពេញលេញ។ គោលនយោបាយយន្តការគណនេយ្យភាព (AM) ដែលបានកែសម្រួលគួរតែរួមបញ្ចូលនូវមុខងារលើកកម្ពស់ការយល់ដឹងជាមុនសម្រាប់គោលនយោបាយ AM នេះ។

សំខាន់ជាងនេះទៅទៀត គណៈគ្រប់គ្រងរបស់ ADB និងអ្នកខ្ចី/អតិថិជនគួរតែទទួលខុសត្រូវក្នុងការធានាថាសហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងបានដឹងអំពីហិរញ្ញប្បទានរបស់ ADB វិធានការការពារដែលអាចអនុវត្តបាន និង គោលនយោបាយយន្តការគណនេយ្យភាព (AM) ជាមធ្យោបាយសម្រាប់សម្តែងការព្រួយបារម្ភ។ ការងារនេះអាចត្រូវបានអនុវត្ត ដូចជាតាមរយៈការដំឡើងស្លាកសញ្ញាសាធារណៈជាភាសាមូលដ្ឋាននៅការដ្ឋានសំណង់ និងនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ពីគម្រោង។ លើសពីនេះ ពួកគេគួរតែចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ជនជាតិដើមភាគតិច និងតំណាងរបស់ពួកគេតាំងពីការរៀបចំគម្រោងមកម្ល៉េះ។

២. ការតម្រូវឱ្យមាន កិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តជាមុន (GFE) គឺជាឧបសគ្គដ៏ធំបំផុតមួយក្នុងការប្រើប្រាស់គោលនយោបាយយន្តការគណនេយ្យភាព។ ការដាក់ពាក្យបណ្តឹងទៅកាន់គណៈគ្រប់គ្រងរបស់ ADB នៅថ្នាក់ជាតិ ឬថ្នាក់តំបន់ និងទីភ្នាក់ងារអនុវត្តគម្រោង មុនពេលអាចបញ្ជូនបន្តទៅកាន់ គោលនយោបាយយន្តការគណនេយ្យភាព (AM) ច្រើនតែបង្កហានិភ័យដល់សហគមន៍ និងមេដឹកនាំ/អ្នកការពាររបស់ពួកគេ។ ការណ៍នេះធ្វើឱ្យពួកគេប្រឈមនឹងការសងសឹកដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការយាយី និងការដាក់សម្ពាធ នៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានគេស្គាល់។ ជាធម្មតា វាក៏បណ្តាលឱ្យមានការយឺតយ៉ាវក្នុងការដោះស្រាយបណ្តឹងរបស់សហគមន៍ដោយឯករាជ្យ និងប្រកបដោយប្រសិទ្ធភាពផងដែរ។

ការតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងដោយសុទ្ធចិត្តជាមុន (GFE)  គួរតែត្រូវបានលុបចោល។ សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ឬអ្នកផ្សេងទៀតត្រូវតែរក្សាសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅកាន់គោលនយោបាយយន្តការគណនេយ្យភាព​ (AM)។ យើងយល់ស្របថា មានគុណសម្បត្តិក្នុងការពង្រឹងយន្តការដោះស្រាយបណ្តឹងនៅកម្រិតគម្រោង និងកម្រិតគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍របស់យើងបង្ហាញថា យន្តការដោះស្រាយបណ្តឹងនៅកម្រិតគម្រោងហាក់គ្មានប្រសិទ្ធភាព ខណៈដែលគណៈគ្រប់គ្រងរបស់ ADB ក៏ច្រើនតែស្និទ្ធស្នាលនឹងទីភ្នាក់ងារអនុវត្តគម្រោង ឬអ្នកខ្ចី/អតិថិជន ដើម្បីធានាបាននូវឯករាជ្យភាពក្នុងការដោះស្រាយពាក្យបណ្តឹងរបស់ពួកគេ។ ដូច្នេះ យន្តការ AM មិនគួរជាយន្តការចុងក្រោយឡើយ។ សហគមន៍ ឬបុគ្គលដែលរងផលប៉ះពាល់គួរតែអាចដាក់ពាក្យបណ្តឹងទៅកាន់ យន្តការ AM នៅពេលណាដែលពួកគេយល់ថាសមស្រប។

៣. មុខងារពីររបស់ យន្តកាត AM គួរតែត្រូវបានរក្សាទុក និងពង្រឹង។ បច្ចុប្បន្ននេះ មុខងារទាំងពីរនេះរងនូវ កំហុសឆ្គងផ្នែករចនាសម្ព័ន្ធក្នុងការរៀបចំលំដាប់លំដោយ ដែលអ្នកប្តឹងអាចជ្រើសរើសបានតែការត្រួតពិនិត្យអនុលោមភាពបន្ទាប់ពីការដោះស្រាយបញ្ហា (ការដោះស្រាយវិវាទ) ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសដំណាក់កាលត្រួតពិនិត្យអនុលោមភាពមុនឡើយ។ ការណ៍នេះរឹតត្បិតភាពបត់បែន និងប្រសិទ្ធភាពជារួមរបស់ យន្តការ AM។ គោលនយោបាយ AM ដែលបានកែសម្រួលគួរតែដោះស្រាយភាពខ្វះចន្លោះនេះ ដើម្បីឱ្យសហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ឬអ្នកផ្សេងទៀតអាចជ្រើសរើសការមិនអនុលោមតាមគោលនយោបាយរបស់ ADB ជាមុនសិន ហើយបន្ទាប់មកចូលរួមក្នុងការដោះស្រាយវិវាទ បន្ទាប់ពីការពិតអំពីការប្រព្រឹត្តខុសត្រូវបានបង្កើតឡើង។ ការណ៍នេះនឹងស្របតាមគោលការណ៍យុត្តិធម៌របស់ជនជាតិដើមភាគតិច ដែលការទទួលស្គាល់ការប្រព្រឹត្តខុសគួរតែកើតឡើងមុន។ អ្នកប្តឹងគួរតែអាចសម្រេចចិត្តថាពួកគេចង់ជ្រើសរើសមុខងារណាមួយនៅចំណុចណាមួយនៃដំណើរការពាក្យបណ្តឹង។

៤. អំណាចមានកម្រិត របស់យន្តការ AM រារាំងសហគមន៍ជនជាតិដើមភាគតិចពីការដាក់ពាក្យបណ្តឹង។ ជាញឹកញាប់ សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ពីគម្រោងដែលគាំទ្រដោយ ADB ស្វែងរកការផ្អាកគម្រោងតែម្តង។ ទោះជាយ៉ាងណាក៏ដោយ យន្តការ AM ខ្វះសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីណែនាំឱ្យផ្អាកហិរញ្ញប្បទាន សូម្បីតែបណ្តោះអាសន្នក៏ដោយ និងសូម្បីតែនៅពេលដែលរកឃើញថាគម្រោងមិនអនុលោមតាមវិធានការការពារ/គោលនយោបាយរបស់ ADB ក៏ដោយ។ គម្រោងត្រូវបានអនុញ្ញាតឱ្យបន្តក្នុងអំឡុងពេលដោះស្រាយវិវាទ ឬការត្រួតពិនិត្យអនុលោមភាព ដែលធ្វើឱ្យគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង។ ម្យ៉ាងវិញទៀត ដំណើរការពាក្យបណ្តឹងត្រូវបានអូសបន្លាយអស់ជាច្រើនឆ្នាំ។

ដូច្នេះ គោលនយោបាយដែលបានកែសម្រួលគួរតែផ្តល់ឱ្យ យន្តការ AM នូវ សិទ្ធិអំណាចក្នុងការណែនាំឱ្យផ្អាកហិរញ្ញប្បទាន យ៉ាងហោចណាស់ជាបណ្តោះអាសន្ន ដើម្បីការពារគ្រោះថ្នាក់បន្ថែមទៀតពីគម្រោងក្នុងអំឡុងពេលដោះស្រាយវិវាទ ឬការត្រួតពិនិត្យអនុលោមភាព។ ការផ្អាកបែបនេះមានសារៈសំខាន់ជាពិសេសនៅពេលដែលមានការសងសឹកប្រឆាំងនឹងអ្នកប្តឹង ឬមេដឹកនាំ/អ្នកការពារសហគមន៍។

ទីពីរ យន្តការ AM ក៏គួរតែមាន សិទ្ធិអំណាចក្នុងការណែនាំឱ្យមានសំណង សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ពីទីភ្នាក់ងារអនុវត្តគម្រោង ឬអ្នកខ្ចី/អតិថិជន ក៏ដូចជាពី ADB ផងដែរ។ នេះក៏នឹងនាំឱ្យ យន្តការ AM និង ADB ស្របតាមស្តង់ដារដែលកំពុងវិវត្តរបស់ធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀត ក៏ដូចជាស្របតាមសិទ្ធិទទួលបានសំណងរបស់សហគមន៍ដែលរងផលប៉ះពាល់ក្រោមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។

ទីបី គោលនយោបាយដែលបានកែសម្រួលក៏គួរតែផ្តល់ឱ្យ យន្តការ AM នូវសិទ្ធិអំណាចក្នុងការទទួលយកពាក្យបណ្តឹង ដោយឆន្ទានុសិទ្ធិផ្ទាល់ (suo moto) ដោយផ្អែកលើរបាយការណ៍ដែលអាចជឿទុកចិត្តបានអំពីផលប៉ះពាល់ពីគម្រោងដែលបានទទួលជំនួយពី ADB។ អំណាចផ្តួចផ្តើមដោយខ្លួនឯងបែបនេះនឹងមានសារៈសំខាន់ជាពិសេសសម្រាប់ យន្តការ AM ដោយសារប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ភាគច្រើនរបស់ ADB ក្នុងគម្រោងដែលខ្លួនគាំទ្រត្រូវបានអនុវត្តនោះ មានលំហសេរីភាពស៊ីវិលមានលក្ខណៈរឹតត្បិតឬរួមតូច។ ដូច្នេះ វាច្រើនតែពិបាក ឬប្រថុយប្រថានសម្រាប់សហគមន៍ជនជាតិដើមភាគតិច ឬសហគមន៍ផ្សេងទៀតដែលរងផលប៉ះពាល់ក្នុងការដាក់ពាក្យបណ្ដឹង។

លើសពីនេះ មុខងារដោះស្រាយបញ្ហារបស់ យន្តការ AM គួរតែត្រូវបានពង្រឹង ដើម្បីផ្តល់ឱ្យការិយាល័យអ្នកសម្របសម្រួលគម្រោងពិសេស (OSPF) នូវអំណាចក្នុងការតម្រូវឱ្យភាគីនានាអនុវត្តសកម្មភាពចាំបាច់សម្រាប់ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌពេលវេលាដែលបានកំណត់។ ការខកខានម្ដងហើយម្ដងទៀតក្នុងការគោរពក្របខ័ណ្ឌពេលវេលាបែបនេះដោយទីភ្នាក់ងារអនុវត្តគម្រោង ឬអ្នកខ្ចី/អតិថិជន ក៏គួរតែជាមូលដ្ឋានសម្រាប់ការផ្អាកហិរញ្ញប្បទានគម្រោងផងដែរ។ ឬប្រសិនបើអ្នកប្តឹងកំពុងអូសបន្លាយដំណើរការ ការិយាល័យ OSPF គួរតែអាចសម្រេចចិត្តបញ្ចប់ដំណើរការបាន។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងមើលឃើញពីគុណសម្បត្តិក្នុងការកំណត់ក្របខ័ណ្ឌពេលវេលានៃដំណើរការដោះស្រាយវិវាទ អ្នកប្តឹងគួរតែអាចសម្រេចចិត្តបានថាពួកគេចង់បញ្ចប់ការដោះស្រាយវិវាទឬអត់។

ស្រដៀងគ្នានេះដែរ ក្នុងអំឡុងពេលដោះស្រាយវិវាទ សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់គួរតែមានសេរីភាពក្នុងការសម្រេចចិត្តលើតំណាងរបស់ខ្លួន។ តំណាងរបស់ពួកគេអាចមកពីសហគមន៍របស់ពួកគេក្នុងចំនួនណាក៏ដោយ ឬមកពីអ្នកការពារ និងអង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រពួកគេ។ ដើម្បីដោះស្រាយអតុល្យភាពអំណាច រវាងសហគមន៍ជនជាតិដើមភាគតិច និងទីភ្នាក់ងារអនុវត្តគម្រោង ឬអ្នកខ្ចី/អតិថិជន ការិយាល័យ OSPF គួរតែអនុញ្ញាតឱ្យអ្នកប្តឹងពីសហគមន៍ជនជាតិដើមភាគតិចឬសហគមន៍ផ្សេងទៀតសម្រេចចិត្តលើតំណាងរបស់ពួកគេ។

ជាចុងក្រោយ យន្តការ AM ក៏គួរតែមាន មុខងារប្រឹក្សាយោបល់ ដើម្បីផ្តល់ដំបូន្មានអំពីគោលនយោបាយ/ការកែទម្រង់គោលនយោបាយ និងទិដ្ឋភាពបច្ចេកទេសនៃគម្រោង។

៥. ក្រោមគោលនយោបាយដែលបានកែសម្រួល យន្តការ AM គួរតែត្រូវបានតម្រូវឱ្យគោរពសិទ្ធិទទួលបាន ការយល់ព្រមដោយសេរី ផ្អែកលើព័ត៌មានគ្រប់គ្រាន់ និងផ្តល់ព័ត៌មានជាមុន (FPIC) របស់សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ពីគម្រោង ក្នុងដំណើរការរបស់ខ្លួន ជាពិសេសសម្រាប់ពាក្យបណ្តឹងដែលទាក់ទងនឹងសិទ្ធិដីធ្លីនិងធនធានរបស់ជនជាតិដើមភាគតិច។ ត្រូវតែផ្តល់ពេលវេលា និងព័ត៌មានគ្រប់គ្រាន់សម្រាប់ការពិគ្រោះយោបល់ក្នុងសហគមន៍ មុនពេលកំណត់របៀបវារៈ ពេលវេលា/ទីកន្លែងនៃកិច្ចប្រជុំ ការជួលអ្នកប្រឹក្សា និងអ្នកសម្របសម្រួល និងក្នុងការកំណត់លទ្ធផលនៃកិច្ចប្រជុំ។ ការដាក់ឱ្យអនុវត្តពេលវេលាប្រជុំ និងរបៀបវារៈកំណត់ទុកជាមុនដោយមិនមានការពិគ្រោះយោបល់ ធ្វើឱ្យការចូលរួមរបស់ពួកគេមានកម្រិត និងធ្វើឱ្យទំនុកចិត្តមានការធ្លាក់ចុះ។ សម្រាប់គោលបំណងនេះ ដំណើរការរបស់ ដំណើរការយន្តការ AM គួរតែអនុវត្តតាមវិធានសហគមន៍ ឬ គោលការណ៍ FPIC របស់សហគមន៍ជនជាតិដើមភាគតិចដែលមាន។

លើសពីនេះ ដំណើរការរបស់យន្តការ AM ត្រូវតែ សមស្របតាមវប្បធម៌ និងឆ្លើយតបទៅនឹងយេនឌ័រ។ ដំណើរការទាំងនេះត្រូវតែគោរព ឬអនុវត្តតាមវិធាន និងការប្រតិបត្តិបែបប្រពៃណីរបស់ជនជាតិដើមភាគតិច ឬស្ថាប័នយុត្តិធម៌តាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច។ ដំណើរការត្រូវតែគាំទ្រការចូលរួមប្រកបដោយសមធម៌ជាមួយសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាការចូលរួមរបស់សមាជិកដែលងាយរងគ្រោះ។

៦. ដំណើរការរបស់យន្តការ AM គួរតែមានលក្ខណៈសាមញ្ញបន្ថែមទៀត ដើម្បីឱ្យ អាចងាយស្រួលប្រើប្រាស់បាន និងមានប្រសិទ្ធភាព។ សហគមន៍ជនជាតិដើមភាគតិចជាច្រើននោតំបន់ដាច់ស្រយាលអាចនឹងប្រឈមឧបសគ្គដូចជាការទទួលបានការគាំទ្របបច្ចេកទេសនៅមានកម្រិត ឬខ្វះបទពិសោធន៍ក្នុងការរៀបចំពាក្យបណ្តឹងផ្លូវការជាលាយលក្ខអក្សរ ជាពិសេសកង្វះការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល។ ដូច្នេះ ជនជាតិដើមភាគតិចគួរតែអាចដាក់ពាក្យបណ្តឹងដោយផ្ទាល់មាត់ ឬក្នុងទម្រង់ផ្សេងទៀត និងតាមរយៈមធ្យោបាយផ្សេងៗបាន។ ប្រព័ន្ធបច្ចប្បន្ននេះមានលក្ខណៈស្មុគស្មាញ បង្កើតឧបសគ្គសម្រាប់សហគមន៍ក្នុងការដាក់ពាក្យបណ្ដឹងដោយឯករាជ្យដោយគ្មានអង្គការមិនមែនរដ្ឋាភិបាលជួយគាំទ្រ។

៧. គោលនយោបាយ AM ដែលបានកែសម្រួលគួរតែផ្តល់ ការពង្រឹងការសម្របសម្រួលជាមួយយន្តការគណនេយ្យភាពឯករាជ្យ (IAM) ផ្សេងទៀត នៅពេលដែល យន្តការ IAM ចម្រុះរបស់ធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងៗចូលរួមក្នុងការដោះស្រាយពាក្យបណ្តឹងក្នុងករណីនៃគម្រោងសហហិរញ្ញប្បទាន។ ការសហការគ្នានេះ គួរតែការពារកុំឱ្យអ្នកប្តឹងត្រូវឆ្លងកាត់ដំណើរការដដែលៗ ហើយត្រូវតែអនុវត្តតាមនីតិវិធីដែលល្អបំផុតក្នុងចំណោមយន្តការ IAM ទាំងអស់នោះ។

៨. គោលនយោបាយ AM ដែលបានកែសម្រួលត្រូវតែផ្តល់ឱ្យយន្តការ AM នូវអនុសាសន៍ឱ្យមាន ការដកខ្លួនប្រកបដោយការទទួលខុសត្រូវ នៅពេលដែល ADB ដកជំនួយចេញពីគម្រោង។ ការណ៍នេះគួរតែត្រូវបានធានាជាពិសេសដើម្បីចៀសវាងហានិភ័យនៃការសងសឹកមកលើអ្នកប្តឹង ឬមេដឹកនាំ/អ្នកការពារសហគមន៍ ឬដើម្បីបង្ការការអនុវត្តគម្រោងដោយផ្អែកលើលទ្ធផលដែលបានពីជំនួយរបស់ ADB ពីមុន ដោយមិនគោរពសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងទៀតដែលរងផលប៉ះពាល់។

៩. ADB គួរតែយកចិត្តទុកដាក់ឱ្យបានតឹងរឹងលើករណីសងសឹក ដែលកើតចេញពីលើកឡើងការព្រួយបារម្ភលើគម្រោងដែល ADB ផ្ដល់ហិរញ្ញប្បទាន។ យន្តការគណនេយ្យភាពគួរតែផ្តល់មធ្យោបាយសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ទទួលបានការរាយការណ៍ និងដោះស្រាយករណីនៃការសងសឹកទាន់ពេលវេលា។ ការដោះស្រាយករណីសងសឹកពីគម្រោងដែលកើតចេញពីកម្រោងដែល ADB ជាអ្នកផ្ដល់ហិរញ្ញប្បទាន គួរតែត្រូវបានដោះស្រាយសូម្បីតែក្នុងសេណារីយ៉ូក្រោយគម្រោងក៏ដោយ។

យើងខ្ញុំសង្ឃឹមថានឹងទទួលបានការពិចារណាជាវិជ្ជមានចំពោះអនុសាសន៍ដើមខាងលើរបស់ក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច និងអង្គការពាក់ព័ន្ធសម្រាប់ការពិនិត្យឡើងវិញគោលនយោបាយ AM ដើម្បីឱ្យ​យន្តការ AM ដែលស្ថិតក្រោមការកែសម្រួលអាចជាគោលនយោបាយដែលយកចិត្តទុកដាក់ដល់សហគមន៍ជាសំខាន់។ យើងខ្ញុំរំពឹងថាអនុសាសន៍ទាំងនេះនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការធ្វើសេចក្ដីព្រាងកែសម្រួលគោលនយោបាយ AM ។ នៅពេលទទួលបានសេចក្ដីព្រាងគោលនយោបាយកែសម្រួល យើងខ្ញុំនឹងបន្តផ្តល់មតិយោបល់បន្ថែមទៀត នៅក្នុងដំណាក់ត្រួតពិនិត្យលើកទី ២ នៅពេលខាងមុខនេះ។ ជាចុងក្រោយ យើងខ្ញុំសូមអំពាវនាវឱ្យដំណាក់កាលទី ២ នៃការពិនិត្យឡើងវិញក៏គួរតែបញ្ចូលឱ្យមានការពិគ្រោះយោបល់ដោយយកចិត្តទុកដាក់បន្ថែមទៀតជាមួយជនជាតិដើមភាគតិច ដែលជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់ទូលំទូលាយ ជាសាធារណៈ និងប្រកបដោយអត្ថន័យ និងអំពាវនាវឱ្យដំណើរដែលដឹកនាំដោយក្រុមប្រឹក្សាភិបាលត្រូវតែបន្តក្នុងការធ្វើសេចក្ដីព្រាងកែសម្រួលគោលនយោបាយ AM ដោយមានការចូលរួមប្រកបដោយប្រសិទ្ធភាពពីយន្តការ AM ផ្ទាល់ ព្រោះថាការិយាល័យនានាក្នុងយន្តការនេះ គឺជាមធ្យោបាយសម្រាប់ជនជាតិដើមភាគតិច ដើម្បីលើកឡើងនូវកង្វល់នានាចំពោះគម្រោងដែលគាំទ្រដោយ ADB។

ដោយក្តីគោរពពីយើងខ្ញុំ

ក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច

រួមទាំងក្នុងនាមសមាជិកដូចខាងក្រោម៖

  • បណ្តាញជនជាតិដើមភាគតិចអាស៊ីស្តីពីឧស្សាហកម្មនិស្សារណកម្ម និងថាមពល (AIPNEE)
  • ដៃគូសិទ្ធិទទួលបានថាមពលជាមួយជនជាតិដើមភាគតិច (REP)
  • អង្គការសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិ (IPRI)
  • មជ្ឈមណ្ឌលសម្រាប់កម្មវិធីអភិវឌ្ឍន៍នៅក័រឌីឡេរ៉ា (CDPC) ប្រទេសហ្វីលីពីន
  • បណ្តាញពង្រឹងអំណាចសហគមន៍ និងយុត្តិធម៌សង្គម (CEMSOJ) ប្រទេសនេប៉ាល់
  • សម្ព័ន្ធប្រជាជនក័រឌីឡេរ៉ា (CPA) ប្រទេសហ្វីលីពីន
  • ចារីង៉ាន់ អូរាំង អាសាល់ សេម៉ាឡេស៊ី (JOAS) ប្រទេសម៉ាឡេស៊ី
  • ឡឹមបាហ្គា បានទួន ហ៊ូគុម (LBH) អាំងសាណា ប្រទេសឥណ្ឌូណេស៊ី
  • ឡឹមបាហ្គា បេនតាំង អាឡាម ហ៊ីចៅ (LemBAH) ប្រទេសឥណ្ឌូណេស៊ី
Leave A Reply

Your email address will not be published.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More